៥គន្លឹះដើម្បីឲ្យគេស្គាល់ពីអាជីវកម្មរបស់យើង

0

ពាក្យថាប្រេនដែលយើងធ្លាប់តែលឺគឺមិនមែនសំដៅតែលើឡូហ្គោរបស់អាជីវកម្មមួយមុខប៉ុណ្ណោះទេ តែវាផ្ដោតសំខាន់ទៅលើអត្តសញ្ញាណរបស់អាជីវកម្មនីមួយៗ។ បើសម្រាប់មនុស្សប្រៀបដូចជាអត្តចរិតរបស់គាត់ និងរបៀបស្លៀកពាក់ ឬការនិយាយស្ដីអញ្ចឹង ហើយដើម្បីអោយគេស្គាល់ពីអាជីវកម្មយើងបានទាល់តែយើងមានអត្តសញ្ញាណមួយដែលប្លែកពីគេ ។

ខាងក្រោមនេះគឺជាចំណុចសំខាន់ចំនួន៥ ដែលបង្កើតអោយមានអត្តសញ្ញាណផ្ទាល់ខ្លួនសម្រាប់អាជីវកម្មមួយ និងធ្វើឲ្យមហាជនទូទៅស្គាល់៖

១. មានឡូហ្គោសម្រាប់អាជីវកម្ម៖ ឡូហ្គោគឺជាវត្ថុ ឬរូបភាពដែលគេមើលឃើញមុនគេបង្អស់អំពីអាជីវកម្មនីមួយៗ ។ មានមុខជំនួញជាច្រើននៅប្រទេសកម្ពុជាមិនសូវចូលចិត្តប្រើឡូហ្គោនោះទេ ព្រោះការយល់ដឹងពីអត្ថប្រយោជន៍របស់វានៅមានកម្រិត ហើយនេះក៏ជាឱកាសមួយក្នុងការមានឡូហ្គោសម្រាប់អាជីវកម្មដើម្បីអោយអតិថិជនគោលដៅឆាប់ស្គាល់ និងងាយចំណាំយើង។

២. ដឹងពីអត្តសញ្ញាណអាជិវកម្មរបស់យើង៖ អត្តសញ្ញាណគឺជាអ្វីដែលធ្វើអោយយើងប្លែកពីកន្លែងដទៃ ។ ឧទាហរណ៍បើយើងគឺជាភោជនីយដ្ឋាន អ្វីដែលធ្វើអោយយើងប្លែកពីគេគឺមុខម្ហូបលក្ខណៈខ្មែរដែលប្រើប្រាស់នូវគ្រឿងផ្សំល្អ សាច់និងបន្លែមិនមានជាតិគីមី បរិយាកាសក្នុងហាងស្ងប់ស្ងាត់ ការរចនាក្នុងហាងមានលក្ខណៈខ្មែរបុរាណ ឬអតិថិជនគោលដៅគឺជាអ្នកធ្វើការរកស៊ីជាជាងយុវវ័យជាដើម ។ មិនត្រឹមតែម្ចាស់អាជីវកម្មទេដែលត្រូវដឹងពីអត្តសញ្ញាណរបស់ហាង តែបុគ្គលិកគ្រប់រូបក៏ត្រូវដឹងដូចគ្នាដើម្បីសម្របខ្លួនទៅតាមវា ។ ពេលដែលយើងដឹងពីអត្តសញ្ញាណហើយ វាងាយស្រួលក្នុងការរចនាហាង ការធ្វើទីផ្សារដើម្បីឲ្យចំគោលដៅ ការជ្រើសរើសពណ៌សម្រាប់ប្រើប្រាស់លើសម្លៀកបំពាក់បុគ្គលិកឬសម្ភារៈក្នុងហាង និងការបង្កើតឡូហ្គោដែលសាកសមនឹងអាជីវកម្មរបស់យើង ។

៣. បង្កើតពាក្យស្លោកសម្រាប់អាជីវកម្ម៖ បើសិនជាអាចយើងគួរបង្កើតពាក្យស្លោកដែលខ្លី មានអត្ថន័យ និងងាយស្រួលចាំមួយសម្រាប់អាជីវកម្មរបស់យើង ហើយពាក្យស្លោកនោះទៀតសោតត្រូវតែដូចនឹងអ្វីដែលយើងកំពុងតែធ្វើ ។ ឧទាហរណ៍ ធនាគារអេស៊ីលីដា មានពាក្យស្លោកថា “ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត” ហើយការជ្រើសរើសពាក្យស្លោកនេះសាកសមព្រោះវានឹងផ្ដល់ទំនុកចិត្តទៅកាន់អ្នកប្រើប្រាស់សេវាកម្មរធនាគារ ។

៤. មានស្ដង់ដារឌីស្សាញច្បាស់លាស់៖ តើអ្នកដែលចាប់អារម្មណ៍ទេថាហេតុអ្វីក្រុមហ៊ុន Smart តែងតែប្រើពណ៌បៃតងក្នុងផលិតផលនិងការផ្សាយពាណិជ្ជកម្ម ឬ ធនាគារ ABA ដែលប្រើប្រាស់ពណ៌ខៀវមានលាយពណ៌ក្រហមបន្ដិច? នោះគឺដោយសារតែខាងក្រុមហ៊ុនគេមានគោលការណ៍ច្បាស់លាស់ក្នុងការប្រើប្រាស់ពណ៌ (ពណ៌ក៏ជាផ្នែកមួយនៃអត្តសញ្ញាណដែរ) មិនថាចំពោះការធ្វើទីផ្សារ ផ្សាយពាណិជ្ជកម្ម ឬឯកសណ្ឋានបុគ្គលិកទេ ហើយការធ្វើបែបនេះងាយស្រួលនឹងអោយអតិថិជនឆាប់ស្គាល់និងចងចាំបានច្បាស់ ។ សម្រាប់អាជីវកម្មរបស់យើងក៏គួរធ្វើដូចក្រុមហ៊ុនទាំងនោះដែរ ព្រោះវាផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការស្គាល់ពីយើង ហើយយើងក៏មិនចំណាយច្រើនក្នុងការអនុវត្តវិធីនេះដែរ ។

៥. ធ្វើអោយបានជាក់លាក់៖ ចំនុចចុងក្រោយនេះគឺសំដៅទៅលើការប្រកាន់ខ្ជាប់នូវអត្តសញ្ញាណរបស់អាជីវកម្មរបស់យើង ហើយមុននឹងសម្រេចចិត្តធ្វើការកែប្រែអ្វីត្រូវសួរខ្លួនឯងថាតើវាសមស្របនឹងអត្តសញ្ញាណនោះដែរឬទេ? សាកស្រមៃទៅមើលថា បើក្រុមហ៊ុន Smart ម្ដងប្រើពណ៌បៃតង ម្ដងពណ៌លឿង ឬពណ៌ក្រហម តើអ្នកនៅតែមានទំនុកចិត្តលើក្រុមហ៊ុនទៀតឬយ៉ាងណា? ការប្រកាន់ខ្ជាប់នូវអត្តសញ្ញាណរបស់ខ្លួនធ្វើអោយសាធារណៈជនចាំច្បាស់ពីយើង ៕

Leave A Reply