ការបង្កើតម៉ាកសញ្ញា និងចុះកម្មសិទ្ធិបញ្ញាស្របច្បាប់ ទទួលបានទំនុកចិត្តកាន់តែច្រើនពីអតិថិជនធំៗ

0

ភ្នំពេញ៖ មន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញឲ្យអ្នកបង្កើតអាជីវកម្មថ្មីៗ បង្កើតម៉ាកសញ្ញាដោយខ្លួនឯង ចៀសវាងការចម្លងពីប្រភពដទៃដែលធ្វើឱ្យប៉ះពាល់ដល់កម្មសិទ្ធិបញ្ញា ឬបង្កើតឱ្យមានការភាន់ច្រឡំលើផលិតផលនីមួយៗ ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឈួន ដារ៉ា បានមានប្រសាសថា ការបង្កើតម៉ាកសញ្ញា និងចុះកម្មសិទ្ធិបញ្ញាស្របច្បាប់ ទទួលបានទំនុកចិត្តកាន់តែច្រើនពីអតិថិជនធំៗ ព្រមទាំងអាចពង្រីកទីផ្សារកាន់តែធំ និងកសាងកេរ្តិ៍ឈ្មោះក្រុមហ៊ុនកាន់តែល្បីល្បាញ ។ ទន្ទឹមនេះ ក៏អាចផ្តល់ទំនុកចិត្តឱ្យគ្នាទៅវិញទៅមក រវាងភាគីម្ចាស់ហ៊ុនក្នុងការចូលរួមបណ្តាក់ទុនប្រកបអាជីវកម្មរួមគ្នា ដើម្បីបញ្ចៀសការបោកប្រាស់នានា ព្រមទាំងអាចពង្រីកអាជីវកម្មឱ្យកាន់តែធំ ដើម្បីអាចមានសិទ្ធិលក់ពាណិជ្ជសញ្ញា(ហ្វ្រេនឆាយ) ។

ឯកឧត្តមបានបញ្ជាក់ទៀតថា អ្នកបង្កើតអាជីវកម្មថ្មីៗ ឬអ្នកមានបំណងនឹងបង្កើតអាជីវកម្មថ្មីៗ ត្រូវគិតគូរពីការបង្កើតម៉ាកសញ្ញា ឬពាណិជ្ជសញ្ញាដែលជារបស់ខ្លួនឯង និងចុះបញ្ជីឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានកម្មសិទ្ធិបញ្ញាស្របច្បាប់ ក៏ដូចជាចៀសវាងនូវការជាន់ឈ្មោះនូវម៉ាកសញ្ញាពាណិជ្ជកម្មតែមួយ ជាមួយនឹងអាជីវកម្មផ្សេងទៀត ៕

Leave A Reply