អាជីវកម្មហ្វ្រេនឆាយនៅប្រទេសថៃនៅតែមានភាពទាក់ទាញដោយមានបណ្ដាញអាហារ និងហាងលក់រាយបរទេសមួយចំនួន ជាពិសេសហាងមកពីប្រទេសសិង្ហបុរីកំពុងស្វែងរកឱកាសនៅប្រទេសថៃក្នុងឆ្នាំនេះ ។ ជាក់ស្ដែងយីហោ និងហាងលក់រាយចំនួន ១៤ មកពីប្រទេសសិង្ហបុរីគ្រោងនឹងធ្វើការផ្គូរផ្គងអាជីវកម្មជាមួយវិនិយោគិនថៃនៅក្នុងសប្ដាហ៍នេះ ។
ប្រទេសថៃនៅតែមានភាពទាក់ទាញសម្រាប់វិនិយោគិនបរទេសនៅជុំវិញពិភពលោក ដោយសារតែទីផ្សារម្ហូបអាហាររបស់ប្រទេសនេះធំទូលាយ និងរឹងមាំ ដោយក្នុងឆ្នាំ ២០១៩ និង ២០២០ ប្រទេសថៃទាក់ទាញយីហោម្ហូបអាហារអន្តរជាតិជាង ៥០ ហាងឲ្យស្វែងរកម្ចាស់ហ្វ្រេនឆាយដើម្បីពង្រីកមុខជំនួញអាហារនៅទីនោះ ។
ចំណុចសំខាន់ៗចំនួន២ដែលធ្វើឲ្យអាជីវកម្ម ហ្វ្រេនឆាយ នៅក្នុងប្រទេសរឹងមាំ និងអាចទាក់ទាញវិនិយោគិនបរទេសធំៗនៅជុំវិញពិភពលោកនោះគឺ៖ ទី១ គុណភាពផលិតផល និងសេវាកម្មមានលក្ខណៈស្តង់ដារ និងអាចបត់បែនគ្រប់ស្ថានភាពនៅក្នុងប្រទេសនីមួយៗ និង ទី២ គឺតម្លៃមានលក្ខណៈប្រកួតប្រជែងជាមួយបណ្តាម៉ាកយីហោល្បីៗនៅទូទាំងពិភពលោក ។
យ៉ាងណាមិញអាជីវកម្មហ្វ្រេនឆាយក្នុងប្រទេសថៃត្រូវបានគេរំពឹងថានឹងកាន់តែរីកចម្រើនជាងនេះ ខណៈដែលចំនួនយីហោទាំងក្នុង និងក្រៅប្រទេសដែលគ្រោងនឹងបើកដំណើរការនៅឆ្នាំនេះមានចំនួន ៦៣០ ហាង កើនឡើង ១០% ដោយតម្លៃសម្រាប់អាជីវកម្មរបស់ប្រទេសនេះត្រូវបានគេប៉ាន់ស្មានថាមានតម្លៃពី ២៥០-៣០០ ពាន់លានបាតក្នុងមួយឆ្នាំ ៕