នៅពេលដែលយើងដំណើរការអាជីវកម្មដែលមានការលក់តាមទម្រង់ ការលក់ទៅកាន់អ្នកប្រើប្រាស់ (B2C) និងការលក់អាជ្ញាប័ណ្ណ ព្រមទាំងគម្រូអាជីវកម្មទៅកាន់វិនិយោគិនដ៏ទៃទៀត ប្រាកដណាស់ លោកអ្នកនឹងមានតម្រូវការជាចាំបាច់ក្នុងការរៀបចំកិច្ចសន្យាមួយដែលភាសារសាមញ្ញហៅថា “កិច្ចសន្យាហ្វ្រេនឆាយ” ហើយដែលកិច្ចសន្យានេះនឹងជួយការពារលោកអ្នក ការពារអ្នកទិញគម្រូអាជីវកម្មពីលោកអ្នក ។ ការចូលខ្លួនក្នុងការរៀបចំកិច្ចសន្យាហ្វ្រេនឆាយនឹងជួយឲ្យប្រាកដថា អាជីវកម្មរបស់លោកអ្នកនឹងដំណើរការដោយភាពត្រឹមត្រូវ ស្របតាមនីតិវិធីដែលលោកអ្នកបានកំណត់ ។
តើអ្វីទៅជាកិច្ចសន្យាហ្វ្រេនឆាយ?
កិច្ចសន្យាហ្វ្រេនឆាយគឺជាឯកសារផ្លូវច្បាប់ដែលកំណត់ពីសិទ្ធិ និងកាតព្វកិច្ចរបស់ភាគីនីមួយៗដែលមានជាប់ពាក់ព័ន្ធទៅនឹងការលក់-ទិញសិទ្ធិអាជីវកម្ម ឬ ការលក់-ទិញគម្រូអាជីវកម្ម នោះគឺ ម្ចាស់យីហោ និងអ្នកទិញសិទ្ធិអាជីវកម្ម ។ តាមផ្លូវច្បាប់ កិច្ចសន្យាហ្វ្រេនឆាយគឺជាកិច្ចសន្យាដែលរៀបចំដោយម្ចាស់យីហោសម្រាប់អ្នកទិញសិទ្ធិអាជីវកម្ម ដែលក្នុងនោះម្ចាស់យីហោផ្តល់សិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់ម៉ាកសញ្ញា ពាណិជ្ជសញ្ញា និងគម្រូប្រព័ន្ធប្រតិបត្តិការអាជីវកម្មដើម្បីដំណើរការនៅក្នុងតំបន់ណាមួយដែលបានព្រមព្រៀង ។
ខាងក្រោមនេះគឺជាលក្ខខ័ណ្ឌសំខាន់ៗចំនួន ៣ ដែលត្រូវបញ្ចូលនៅក្នុងកិច្ចសន្យាហ្វ្រេនឆាយ៖
- អ្នកទិញសិទ្ធិអាជីវកម្មត្រូវដំណើរការអាជីវកម្មដោយប្រើប្រាស់ម៉ាកសញ្ញា និងពាណិជ្ជសញ្ញារបស់ម្ចាស់យីហោ ។ និយាយបែបសាមញ្ញ ម្ចាស់យីហោ និង អ្នកទិញសិទ្ធិអាជីវកម្មត្រូវប្រើប្រាស់ម៉ាកសញ្ញារួមគ្នា
- ម្ចាស់យីហោមានតួនាទីក្នុងការផ្តល់ការគាំពារស្តង់ដារអាជីវកម្មរបស់ខ្លួនតាមរយៈការត្រួតពិនិត្យនូវការអនុវត្តរបស់អ្នកសិទ្ធិអាជីវកម្ម និង ផ្តល់គាំទ្រជាប្រចាំចំពោះអ្នកទិញសិទ្ធិអាជីវកម្ម
- អ្នកទិញសិទ្ធិអាជីវកម្មត្រូវមានកាត្វកិច្ចក្នុងការចំណាយលើការទិញសិទ្ធិអាជីវកម្ម និង បង់សេវាផ្សេងទៀតដែលម្ចាស់យីហោតម្រូវ ៕