នៅពេលដែលលោកអ្នកធ្វើដំណើរនៅតាមដងផ្លូវនានានៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ឬ ក្រុងព្រះសីហនុ លោកអ្នកនឹងឃើញមានអាជីវកម្មជាច្រើនបើកដំណើរការដោយប្រើប្រាស់ម៉ូដែលហ្វ្រេនឆាយ ។ ហេតុផលធំបំផុតដែលអាជីវកម្មហ្វ្រេនឆាយជាច្រើនទទួលបានជោគជ័យនោះគឺការបង្កើតអាជីវកម្មជាលក្ខណៈសហកម្ម (Business Synergy) ដោយហេតុថា អ្នកទិញហ្វ្រេនឆាយជាច្រើន ប្រមូលផ្តុំគ្នាបង្កើតអាជីវកម្មនៅទីតាំងផ្សេងៗគ្នាដោយប្រើប្រាស់ម៉ាកសញ្ញាតែមួយ នឹងទទួលបានសមិទ្ធិផលរួមដ៏ធំ ដែលចំណុចនេះម្ចាស់អាជីវកម្មបើកថ្មីមិនអាចធ្វើបាន ។
មុនពេលយើងសម្រេចចិត្តវិនិយោគលើប្រព័ន្ធអាជីវកម្មហ្វ្រេនឆាយ ណាមួយ លោកអ្នកត្រូវពិចារណាឲ្យបានច្បាស់លាស់ពីខ្លួនឯងផ្ទាល់ ថាតើ លោកអ្នកនឹងត្រូវប្រើប្រាស់ដើមទុនចំនួនប៉ុន្មាន លោកអ្នកមានសមត្ថភាព ដំណើរការវាដែរឬទេ ហើយមានគោលបំណងអ្វី ។
ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនដែលលោកអ្នកត្រូវពិចារណាមុនពេលសម្រេចចិត្តទិញហ្វ្រេនឆាយណាមួយ៖
- តើអ្នកមានឆន្ទះពិតប្រាកដ និងអាចទទួលខុសត្រូវលើការងារគ្រប់គ្រងអាជីវកម្មរបស់លោកអ្នកដែរឬទេ?
- តើលោកអ្នកមានចិត្តរីករាយទៅនឹងអាជីវកម្មហ្វ្រេនឆាយកម្រិតណា?
- តើលោកអ្នកមានឆន្ទះក្នុងការធ្វើតាមតម្រូវការរបស់ប្រព័ន្ធហ្វ្រេនឆាយដែរឬទេ?
- តើលោកអ្នកមានប្រវត្តិជោគជ័យលើការទំនាក់ទំនង និងសហការជាមួយមនុស្សទូទៅដែរឬទេ?
- តើលោកអ្នកមានលទ្ធភាពសម្រាប់អាជីវកម្មហ្វ្រេនឆាយកម្រិតណា?
- តើលោកអ្នកបានសិក្សាឯកសារផ្លូវច្បាប់ហើយឬនៅ?
- តើម៉ាកហ្វ្រេនឆាយដែលលោកអ្នកជ្រើសរើសមានប្រវត្តិជោគជ័យពីមុនមកដែរឬទេ?
- តើអ្នកទិញយីហោដ៏ទៃទៀតទទួលបានជោគជ័យដែរឬទេ?
- តើលោកអ្នកពេញចិត្តនិងបុគ្គលិករបស់ម៉ាកយីហោនេះដែរឬទេ?
- តើលោកអ្នកផ្ទាល់អាចជួយគាំទ្រដល់ដំណើរការអាជីវកម្មដែរឬទេ?