សួស្តីបងប្អូនទាំងអស់គ្នា!
ស្វាគមន៍មកកាន់ អត្ថបទស្ថាបនិក (Founder Blog)!
ថ្ងៃនេះមានកិត្តិយស ខ្ញុំ សារិទ្ធ សូមសុំចែករំលែកបទពិសោធន៍មួយក្នុងចំណោមបទពិសោធន៍ជាច្រើនដែលខ្ញុំបានជួបប្រទះនៅក្នុងជីវិតការងារ ហើយដែលខ្ញុំតែងចង់ចាំនិងអនុវត្តជាប្រចាំនៅក្នុងអាជីពរបស់ខ្ញុំ និងគិតថាមានប្រយោជន៍សម្រាប់បងប្អូនដែលជាម្ចាស់អាជីវកម្មទាំងអស់ ។
រៀនចប់បរិញ្ញាប័ត្រនៅឆ្នាំ២០០២ ក្នុងជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ តែទៅធ្វើការងារក្នុងធនាគារជាអ្នករាប់លុយ (Teller) រហូតដល់ក្លាយជាមន្ត្រីជាន់ខ្ពស់ (Senior Officer) ផ្នែកផ្ទេរប្រាក់អន្តរជាតិ (International Money Transfer-SWIFT) រយៈពេល ៧ឆ្នាំ ។ ចេញពីធនាគារចូលបម្រើការងារដ្ឋក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ចំណុះឲ្យនាយកដ្ឋាននគរបាលអន្តរជាតិ (Interpol) រួចក៏ត្រូវបានគេបញ្ជូនទៅឈរជើងនៅទីក្រុង Lyon ប្រទេសបារាំងរយៈពេល១ឆ្នាំ ហើយក៏ត្រឡប់មកឈរជើងនៅការិយាល័យ Interpol នៅប្រទេសថៃរយៈពេលពីរឆ្នាំ ។ ក្រៅពីនោះក៏បន្តការងារជាបន្តបន្ទាប់មកទៀតស្ថិតក្នុងក្រុមហ៊ុនផ្សេងៗទៀត… ។
ចំណុចសំខាន់បំផុតមួយដែលខ្ញុំចងចាំពីរការងារទាំងពីរ ហើយបានយកមកអនុវត្តរហូតមកដល់សព្វថ្ងៃនេះគឺ៖ “អ្នកធ្វើមិនដែលមើលឃើញពីកំហុសរបស់ខ្លួនឯងឡើយ” ។
១. ការងារនៅក្នុងធនាគារ៖ អំឡុងពេលប្រើប្រាស់ប្រព័ន្ធ SWIFT ផ្ទេរប្រាក់ទៅក្រៅប្រទេស ក្នុងនាមជាអ្នកបញ្ចូលទិន្ន័យតម្រូវឲ្យម៉ត់ចត់ ច្បាស់លាស់ ជាពិសេសអក្ខរាវារុទ លេខកុងធនាគារ ឈ្មោះអ្នកផ្ញើរ ឈ្មោះនិងអាសយដ្ឋានធនាគារកណ្តាល ឈ្មោះអ្នកទទួល លេខកុងអ្នកទទួល ឈ្មោះនិងអាសយដ្ឋានធនាគារអ្នកទទួល ចំនួនទឹកប្រាក់ជាលេខនិងជាអក្សរ ។ល។ ទាំងអស់នេះបើមានកំហុសតែបន្តិច ធនាគារកណ្តាល (Corespondent bank) នឹងបញ្ជូនមកវិញឲ្យយើងកែរតម្រូវ ធ្វើឲ្យខាតពេលវេលាភ្ញៀវ ។
ខ្ញុំបញ្ចូលទិន្ន័យហើយក៏ផ្ទៀងហើយផ្ទៀងទៀត នៅតែរកកំហុសខ្លួនឯងមិនឃើញ ។ កំហុស៥ រកឃើញយ៉ាងច្រើនបានតែ១ឬ២ប៉ុណ្ណោះ រហូតទាល់តែឆ្លងកាត់ទៅដល់អ្នកទីពីរ (DGM) ទើបគាត់ចាប់បានកំហុសផ្សេងទៀត ហើយបញ្ជូនមកវិញដើម្បីកែរសម្រួលមុនពេលបញ្ជូនទៅធនាគារកណ្តាល ។
២. ការងារនៅ Interpol ក៏ដូចគ្នា៖ ជាការងារដែលទាក់ទងទៅនឹងអត្ថបទបែបរៀបរាងទិន្ន័យនិវេទន៍ជនដែលត្រូវស្វែងរក ហើយតម្រូវឲ្យមានការផ្ទៀងផ្ទាត់ហើយផ្ទៀងផ្ទាត់ទៀត នៅតែរកកំហុសខ្លួនឯងមិនអស់ រហូតដល់ឆ្លងកាត់ការត្រួតពិនិត្យពីមនុស្សទីពីរ ក្រៅពីយើងទើបរកកំហុសឃើញ ។
នៅក្នុងបទពិសោធន៍នេះខ្ញុំបានយកមកទុកក្នុងចិត្ត និងអនុវត្តជារៀងរហូតចាប់តាំងពីពេលនោះមក ។ រាល់ទង្វើ និងការងារដែលខ្ញុំធ្វើ ដំណាក់កាលទី១ ខ្ញុំតែងរកកំហុសពីខ្លួនឯងសិន បន្ទាប់មក ខ្ញុំនឹងរកកំហុសរបស់ខ្លួនឯងពីអ្នកជំវិញខ្លួន ។
មនុស្សមិនមែនទេវតា កំហុសតែងតែកើតមាន ។ ចំណុចដែលសំខាន់គឺ ខ្លួនយើងហ៊ានប្រឈរមុខឲ្យអ្នកដ៏ទៃរកកំហុសរបស់យើងដែរឬទេ ។
ហេតុដូច្នេះយើងគ្រប់គ្នា មិនថាសកម្មភាពនៅជីវិតផ្ទាល់ខ្លួន គ្រួសារ ឬ អាជីកម្ម តែងត្រូវការការដំបូន្មាន និងការណែនាំពីអ្នកដ៏ទៃដើម្បីស្វែងរកកំហុសរបស់ខ្លួន ជាពិសេស ការស្វែងរកដំបូន្មាន និងសុំការប្រឹក្សាយោបល់ពីព្រឹទ្ធាចារ្យដែលធ្លាប់មានបទពិសោធន៍មុនយើង និងធ្លាប់ឆ្លងកាត់ការលំបាកមុនយើងគឺជាការ រក្សា និងគោរពនូវប្រវត្តិសាស្ត្រ និងជាសច្ចៈភាពរបស់មនុស្ស ហើយក្មេងជំនាន់ក្រោយរបស់យើងនឹងអនុវត្តដូចគ្នា ។
ការធ្វើអាជីវកម្មក៏ដូចគ្នា បងប្អូនគួរតែហ៊ានប្រឈមុខទទួលយកការរិះគន់ពីអ្នកដ៏ទៃលើស្ថានភាពអាជីវកម្ម ផលិតផល ឬ សេវាកម្មរបស់បងប្អូន ហើយវិភាគថាតើការរិះគន់នោះត្រឹមត្រូវដែរឬទេ? គួរកែរសម្រួលដែរឬទេ?
ជាចុងក្រោយ ខ្ញុំសូមសម្តែងនូវអំណរគុណដល់ ឯកឧត្តម អ៊ុំ សារ៉ាវុធ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ផ្តល់ការប្រឹក្សាយោបល់ដល់រូបខ្ញុំ និងក្រុមការងារ BNI Alliance លើកិច្ចការងារដែលបានអនុវត្តនាពេលកន្លងមក ។ អនុសាសន៍របស់រាមច្បង គឺជាកញ្ចក់ដែលខ្ញុំបានឆ្លុះបញ្ចាំងពីខ្លួនឯង និងបានជួយកែរសម្រួលការងាររបស់ខ្ញុំឲ្យកាន់តែល្អប្រសើរ និងរីកចម្រើនតទៅមុខទៀត ៕